មួយឆ្នាំបានកន្លងផុតទៅទៀតហើយ! ធ្មេចបើកៗ ខ្ញុំបានប្រើប្រាស់ប្លក់ជិត៦ឆ្នាំហើយ តែប្លក់មួយនេះទើបមានអាយុប្រហែល ៥ឆ្នាំ ត្បិតខ្ញុំប្លក់ចាស់ត្រូវបានផ្លាស់មកថ្មី ដោយប្រើ Domain Name & Hosting ផ្ទាល់ខ្លួន!
មានរឿងជាច្រើនដែលបានជួប និងធ្វើឲ្យខ្ញុំបានរៀនសូត្រពីកន្លែងមួយនេះ! ឆ្នាំ ២០១១កន្លងផុតទៅ បើថាលឿនក៏បាន ព្រោះមានរឿងច្រើនដែលខ្ញុំមិនទាន់បានចាត់ការនៅក្នុងឆ្នាំចាស់ … តែបើថាយឺតក៏បាន ព្រោះក៏មានរឿងជាច្រើនដែលខ្ញុំ គិតត្រូវប្រើពេលវេលាច្រើនទើបចាត់ការបាន តែមកដល់ពេលនេះ ខ្ញុំក៏នៅមិនទាន់ចាត់ការបាន ប្រហែលមកពីពេលវេលាតិចពេក ។
ជាគោលធំសម្រាប់ឆ្នាំ ២០១១ រឿងការងារ ខ្ញុំចាតទុកថាខ្លួនបានទទួលលទ្ធផលល្អគូរសម ព្រោះការងារកន្លងទៅវារលូនល្អ ខ្ញុំរៀនសូត្រមេរៀនជាច្រើនក្នុងការងារដែលបានធ្វើ ហើយបានទទួលលទ្ធផលមួយដែលអាចទទួលយកបាន ។ ហើយកាន់តែល្អទៅទៀត គឺខ្ញុំបានទទួលការតំឡើងតំណែងថែមទៀតមុនពេលចេញដំណើរមករៀននៅជប៉ុន …
បញ្ហាគ្រួសារ ពពកខ្មៅបានបក់ផាត់កន្លងពីគ្រួសារខ្ញុំផុតទៅហើយ ឆ្នាំកន្លងទៅម៉ាក់ត្រូវព្យាបាលជំងឺពេញមួយឆ្នាំ ហើយគ្រប់បែបយ៉ាងបានចប់សព្វគ្រប់ទៅហើយកាលពីចុងខែ តុលា ឆ្នាំ២០១១ ។ លទ្ធផលនៃការព្យាបាលទៀតសោត ក៏ចាត់ទុកបានថាទទួលជោគជ័យ ។ សម្រាប់សុខភាពម៉ាក់ គឺត្រូវខិតខំ ថែរក្សាឲ្យបានល្អដូចដើមវិញតែប៉ុណ្ណោះ! ជារឿងមួយដែលធ្វើឲ្យខ្ញុំសប្បាយចិត្ត ច្រើនជាងគេសម្រាប់ឆ្នាំនេះក៏ថាបាន … ព្រោះខ្ញុំស្រឡាញ់ម៉ាក់ ខ្ញុំមិនចង់ឲ្យគាត់ឈឺទេ… ។
រឿងដែលគួរឲ្យកត់សម្គាល់មួយទៀតសម្រាប់ជីវិតរបស់ខ្ញុំនៅក្នុងឆ្នាំ ២០១១ គឺការចេញមករៀននៅស្រុកជប៉ុន … វាជាអ្វីដែលខ្ញុំប៉ងជាយូរមកហើយ ថានឹងចេញមកបន្តថា្នក់ម៉ាស្ទ័រនៅក្រៅប្រទេស…. ទីបំផុតបំណងរបស់ខ្ញុំក៏បានសម្រេច ។ សួរថាខ្ញុំប្រឹងប្រែងខ្លាំងទេសម្រាប់ការដាក់បួកមួយនេះ? ឆ្លើយបានថាមិនជាច្រើនណាស់ណាទេ តែមកពីការដែលខ្ញុំសន្សំបន្តិចៗពីការរៀនសួត្រនៅសាលា និងជាពិសេសពីកន្លែងធ្វើការរបស់ខ្ញុំតែម្តង! វាបានរុញឲ្យខ្ញុំមកដល់កម្រិតមួយដែលអាចឈោងចាប់យកឱកាសនេះបាន ។
រឿងមនុស្សជុំវិញខ្លួន….មួយឆ្នាំកន្លងទៅនេះ ខ្ញុំបានស្គាល់មនុស្សថ្មីច្រើននាក់ ដែលខ្ញុំសុំចាត់ទុកពួកគេជាមិត្ត ព្រោះខ្ញុំមិនចង់រាប់សត្រូវទេ ហើយមិនចង់មានសត្រូវដែរ ។ហោចណាស់ក៏មានមិត្តថ្មីជាង ២០នាក់ ជាមិត្តរួមជំនាន់អាហារូបករណ៍របស់ខ្ញុំ ហើយក្នងនោះមាន ៦នាក់ដែលមករៀននៅ Hiroshima ជាមួយគ្នា ដែលខ្ញុំជិតស្និទជាងគេ ។ មកពេលមកដល់ជប៉ុន ខ្ញុំបានជួបមិត្តច្រើននាក់ទៀត ដែលភាគច្រើនជាសិស្សច្បងខ្មែរ បានមករៀននៅសាលានេះមុខខ្ញុំ ។ សរុបឲ្យបានខ្លី ខ្ញុំរៀនសូត្រពីមនុស្សជុំវិញខ្លួនខ្ញុំ ខ្ញុំបានជួបមនុស្សដែលមានលក្ខណៈផ្សេងៗគ្នា ធ្វើឲ្យខ្ញុំស្វែងយល់ពីសង្គមកាន់តែច្រើន ។ ចំណែកមិត្តចាស់ៗវិញ ខ្ញុំហាក់ដូចជារយាលទំនាក់ទំនងបន្តិច ព្រោះខ្ញុំត្រូវចេញមករៀនឆ្ងាយពីពួកគេ តែរយៈចម្ងាយមិនមែនជាឧបសគ្គធំទេ ព្រោះ Social Network ឥឡូវនេះ បានធ្វើឲ្យយើងមានទំនាក់ទំនងគ្នាទៅវិញទៅមក តាមដានដំណើរប្រព្រឹត្តទៅនៃជីវិតប្រចាំថ្មៃរវាងគ្នានឹងគ្នាបាន ។
———-សរសេរបន្ថែមនៅពេលបន្តិចទៀត———-
បញ្ហាផ្ទាល់ខ្លួន….
ទិសដៅសម្រាប់ឆ្នាំថ្មី
រឿងរៀនសូត្រ
បញ្ហាជីវិត
។ល។